២២ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើង ជាដើមការនៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ
២៣ទ្រង់បានសិតអញតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង
២៤ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ
២៥មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច
២៦គឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដី ឬស្រែចំការ ឬល្អងធូលីមុនដំបូងនៅផែនដីនៅឡើយផង
២៧ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក
២៨កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ នឹងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង
២៩កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី
៣០នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច
៣១ក៏មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក។
៣២ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ
៣៣ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
៣៤មានពរហើយ អ្នកណាដែលស្តាប់អញ ដោយចាំយាមនៅមាត់ទ្វារអញរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់អញ
៣៥ដ្បិតអ្នកណាដែលបានអញ នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ
៣៦តែឯអ្នកណាដែលធ្វើបាបនឹងអញ នោះក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់អញ នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។