១កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់
២ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា
៣មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
៤មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត
៥មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក
៦មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត
៧មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ
៨មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ
៩មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ
១០មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
១១អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ
១២ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ។