ព្រះគម្ពីរ ភីលីព ២:១-១១
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
១
ដូច្នេះ បើសិនជាមានសេចក្ដីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្ដីកំសាន្តណារបស់ផងសេចក្ដីស្រឡាញ់ ឬសេចក្ដីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្ដីថ្និតថ្នម នឹងសេចក្ដីអាណិតអាសូរណា
២
នោះចូរបំពេញសេចក្ដីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្ដីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នាចុះ
៣
កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ
៤
កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង
៥
ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ
៦
ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្ដីដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ
៧
គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង
៨
ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង
៩
ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង
១០
ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ
១១
ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ