ព្រះគម្ពីរ ម៉ាកុស ១២:១៣-២៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​៦ ខែមករា ឆ្នាំ២០២៦
១៣គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ នឹង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះ‌យេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះ‌បន្ទូល ១៤អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ ១៥តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល ១៦គេ​ក៏​យក​មក រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ ១៧នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។ ១៨ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា ១៩លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ២០ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន ២១ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា ២២អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ ២៣ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា ២៤ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ ២៥ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ ២៦ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ២៧ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ខ្លាំង​ណាស់។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ៦