ព្រះគម្ពីរ ម៉ាកុស ១១:២០-៣៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២ ខែមករា ឆ្នាំ២០២៦
២០លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង ២១ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ២២ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​ចុះ ២៣ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ‌ជាក់​ថា សេចក្ដី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់ ២៤ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន ២៥ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ ២៦តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។ ២៧នោះ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត រួច​កាល​ទ្រង់​កំពុង​តែ​យាង​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ គេ​មក​ឯ​ទ្រង់ ២៨ហើយ​ទូល​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក​ធ្វើ ២៩តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ស្គាល់​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ៣០ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស ចូរ​ឆ្លើយ​ប្រាប់​មក ៣១នោះ​គេ​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ ៣២តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្តាជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន ៣៣គេ​ក៏​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​អ្វី​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ២