ព្រះគម្ពីរ ម៉ាកុស ១០:១៣-៣១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​៣០ ខែធ្នូ ឆ្នាំ២០២៥
១៣រួច​មាន​គេ​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ​ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក ១៤កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫទ័យ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ ១៥ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ ១៦ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ ១៧កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច ១៨ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ ១៩អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ២០តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ ២១ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ ហើយ​មាន​បន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ ២២តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។ ២៣ព្រះ‌យេស៊ូវ​ទ្រង់​ងាក​ទត​ជុំ‌វិញ ហើយ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់ ២៤ឯ​ពួក​សិស្ស ក៏​នឹក​ស្ងើច​នឹង​ព្រះ‌បន្ទូល​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា កូន​អើយ ពួក​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ដោយ​ពិបាក​ណាស់ ២៥បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ ២៦គេ​ក៏​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ២៧ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន ២៨នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ២៩តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ៣០ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ដល់​បរ‌លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ផង ៣១តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ អេម៉ុស ៨