ព្រះគម្ពីរ ម៉ាកុស ៩:១-១៣
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥
១
រួចទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ដរាបដល់បានឃើញនគរព្រះមក ទាំងមានព្រះចេស្តា។
២
កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ
៣
ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ
៤
នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ កំពុងតែទូលនឹងព្រះយេស៊ូវ
៥
រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា
៦
នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្តេចទេ ពីព្រោះមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា
៧
នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ
៨
ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។
៩
កំពុងដែលចុះពីភ្នំមក នោះទ្រង់ហាមមិនឲ្យប្រាប់អ្នកណា ពីការដែលបានឃើញនោះឡើយ ដរាបដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ
១០
អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្ដីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា
១១
ក៏ទូលសួរទ្រង់ថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន
១២
ទ្រង់មានបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែធ្វើដូចម្តេចបានជាមានសេចក្ដីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង
១៣
ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ អេម៉ុស ២