ព្រះគម្ពីរ ម៉ាកុស ៧:២៤-៣៧
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
២៤
ទ្រង់ក្រោកឡើងយាងចេញពីទីនោះ ទៅឯប្រទល់ដែនស្រុកទីរ៉ុស នឹងស្រុកស៊ីដូន រួចចូលទៅក្នុងផ្ទះ១ មិនចង់ឲ្យអ្នកណាដឹងសោះ តែទ្រង់នៅកំបាំងពុំបាន
២៥
ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោចិ៍ចូល នាងបានឮនិយាយពីទ្រង់ ក៏មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់
២៦
(រីឯស្ត្រីនោះ ជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូ-ភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ
២៧
តែព្រះយេស៊ូវមានបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ
២៨
នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ
២៩
នោះទ្រង់មានបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ
៣០
រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។
៣១
លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស នឹងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ
៣២
នោះមានគេនាំមនុស្សថ្លង់ម្នាក់ ដែលនិយាយទាំងពិបាក មកឯទ្រង់ ក៏ទូលអង្វរឲ្យទ្រង់ដាក់ព្រះហស្តលើគាត់
៣៣
ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់
៣៤
កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង
៣៥
ស្រាប់តែត្រចៀកក៏បើក សរសៃអណ្តាតបានធូរ នោះគាត់និយាយបានយ៉ាងច្បាស់
៣៦
ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត
៣៧
គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១៩