ព្រះគម្ពីរ ម៉ាកុស ៦:១៤-៤៤
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៥
១៤
ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានបន្ទូលថា ច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ
១៥
តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ
១៦
ប៉ុន្តែកាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ
១៧
ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ
១៨
ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ
១៩
ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ
២០
ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ
២១
លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ នឹងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
២២
នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះទ័យដល់ស្តេចហេរ៉ូឌ នឹងពួកភ្ញៀវណាស់ ទ្រង់ក៏មានបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ
២៣
ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង
២៤
នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ
២៥
រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ
២៦
ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ
២៧
ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក
២៨
អ្នកនោះក៏ទៅកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា
២៩
កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។
៣០
ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្ដីដែលបានបង្រៀនដែរ
៣១
រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង
៣២
នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ
៣៣
ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។
៣៤
កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន
៣៥
លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង
៣៦
សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ
៣៧
តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី
៣៨
ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ
៣៩
នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ
៤០
គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ
៤១
រួចទ្រង់យកនំបុ័ង៥ នឹងត្រី២នោះ ងើបទតទៅលើមេឃប្រទានពរ ហើយកាច់នំបុ័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ
៤២
គេបានបរិភោគឆ្អែតគ្រប់គ្នា
៤៣
រួចប្រមូលចំណិតនំបុ័ង នឹងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក
៤៤
ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១៦