ព្រះគម្ពីរ ម៉ាកុស ៦:១-១៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​១៥ ខែធ្នូ ឆ្នាំ២០២៥
ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​ទ្រង់​វិញ ហើយ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ដល់​ថ្ងៃ​ឈប់​សំរាក ទ្រង់​ចាប់​តាំង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ស្តាប់​ទ្រង់ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ថា អ្នក​នេះ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​យ៉ាង​នេះ​កើត​មក ដោយ‌សារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស នឹង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ នៅ​ទី​នោះ​ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ ឲ្យ​បាន​ជា​ប៉ុណ្ណោះ ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទៅ។ ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោចិ៍​ផង ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ ១០រួច​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ ១១ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ ១២កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង ១៣ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១៥