ព្រះគម្ពីរ ម៉ាកុស ៥:២១-៤៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​១៤ ខែធ្នូ ឆ្នាំ២០២៥
២១កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ជិះ​ទូក​ឆ្លង​ដល់​ត្រើយ​ម្ខាង​វិញ​ហើយ ក៏​មាន​ហ្វូង​មនុស្ស​យ៉ាង​ធំ​ប្រជុំ​គ្នា​ឯ​ទ្រង់ ហើយ​ទ្រង់​គង់​នៅ​ទី​មាត់​សមុទ្រ ២២នោះ​មាន​មេ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃរ៉ុស មក​ដល់​ឃើញ​ទ្រង់ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ ២៣គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូលបង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា​ឲ្យ​បាន​ជា នោះ​វា​នឹង​បាន​រស់​វិញ ២៤ទ្រង់​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទៅ ទាំង​ប្រជ្រៀត​ទ្រង់។ ២៥នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម អស់ ១២​ឆ្នាំ​មក​ហើយ ២៦នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ ២៧នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់ ២៨ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ២៩ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្ដី​វេទនា​នោះ​ហើយ ៣០នោះ​ស្រាប់​តែ​ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះ‌អង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ ៣១ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ ៣២ទ្រង់​ងាក​ទត​ទី​ជុំ‌វិញ នឹង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ ៣៣ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់ ៣៤ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ។ ៣៥កំពុង​ដែល​ទ្រង់​នៅ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​ថា កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត ៣៦កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​គេ​ប្រាប់ ស្រាប់​តែ​ទ្រង់​មាន​បន្ទូល​ទៅ​មេ​សាលា​ប្រជុំ​ថា កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ ៣៧ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ ៣៨លុះ​ដល់​ផ្ទះ​មេ​សាលា​ប្រជុំ ក៏​ឃើញ​មនុស្ស​កំពុង​តែ​យំ​ស្រែក កើត​វឹកវរ​ជា​ខ្លាំង ៣៩ទ្រង់​ក៏​យាង​ចូល​ទៅ មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ ៤០គេ​ក៏​សើច​ឡក​ឲ្យ​ទ្រង់ តែ​ទ្រង់​ដេញ​គេ​ទៅ​ក្រៅ​អស់ ទុក​តែ​ឪពុក​ម្តាយ​នៃ​កូន​នោះ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នាំ​គ្នា​ចូល​ទៅ​ឯ​ដំណេក​វា ៤១រួច​ទ្រង់​ចាប់​ដៃ​វា​មាន​បន្ទូល​ថា «តាលី‌ថាគូមី» ស្រាយ​ថា កូន​ស្រី​អើយ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង ៤២ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃ‌លែង ៤៣តែ​ទ្រង់​ហាម​គេ​ផ្តាច់ មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ រួច​ប្រាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ១៤