ព្រះគម្ពីរ ម៉ាកុស ២:១៨-២៨
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី៤ ខែធ្នូ ឆ្នាំ២០២៥
១៨
រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ
១៩
ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្ដីនៅជាមួយនៅឡើយ នោះតមអាហារពុំបានទេ
២០
តែនឹងមានថ្ងៃមកដល់ ដែលប្ដីនឹងត្រូវយកចេញពីពួកមិត្រសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ
២១
គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មីមកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែអាក្រក់ជាងទៅទៀត
២២
ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទំលាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។
២៣
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ
២៤
ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ
២៥
ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី
២៦
គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
២៧
រួចទ្រង់មានបន្ទូលទៅពួកផារិស៊ីថា ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ
២៨
ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ វិវរណៈ ៤