ព្រះគម្ពីរ កិច្ចការ ២៧:១៣-៣៨
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
១៣
ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត
១៤
តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ
១៥
ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ
១៦
បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់
១៧
កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់
១៨
ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង
១៩
ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត
២០
រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។
២១
កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ
២២
តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ
២៣
ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា
២៤
ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ
២៥
ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន
២៦
ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។
២៧
ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ
២៨
លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម
២៩
នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង
៣០
ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ
៣១
នោះប៉ុលនិយាយទៅមេទ័ព នឹងទាហានថា បើពួកនោះមិននៅក្នុងសំពៅ នោះអ្នករាល់គ្នាមិនបានរួចទេ
៣២
ពួកទាហានក៏កាត់ខ្សែឲ្យទូកធ្លាក់ទៅ
៣៣
លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ
៣៤
ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង
៣៥
កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ
៣៦
គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ
៣៧
រីឯយើងទាំងអស់ដែលនៅក្នុងសំពៅ នោះមាន២៧៦នាក់
៣៨
កាលបរិភោគឆ្អែតហើយ ក៏សំរាលសំពៅចេញ ដោយទំលាក់ស្រូវចុះទៅក្នុងសមុទ្រ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ បរិទេវ ១