ព្រះគម្ពីរ កិច្ចការ ២៧:១-១២
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
១
កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ
២
យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង
៣
ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ
៤
យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់
៥
ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា
៦
នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ
៧
កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន
៨
បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
៩
លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា
១០
អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង
១១
ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ
១២
ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ១២