ព្រះគម្ពីរ កិច្ចការ ២៦:១២-២៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
១២នៅ​គ្រា​នោះ ទូលបង្គំ​បាន​ទទួល​អំណាច នឹង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស ១៣នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូលបង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូលបង្គំ នឹង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ ១៤ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ ១៥ទូលបង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ ១៦ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត ១៧ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តាជន នឹង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ ១៨ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ ១៩ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូលបង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ ២០គឺ​ទូលបង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡិម នឹង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង ២១ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សំឡាប់​ទូលបង្គំ​ចោល ២២តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូលបង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា នឹង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ ២៣គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ១០