ព្រះគម្ពីរ កិច្ចការ ២៦:១-១១
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
១
ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា
២
បពិត្រព្រះករុណាអ័គ្រីប៉ាអើយ នៅថ្ងៃនេះ ទូលបង្គំមានចិត្តអំណរណាស់ ដោយមានច្បាប់នឹងដោះសាខ្លួននៅចំពោះទ្រង់ ពីអស់ទាំងសេចក្ដីដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ
៣
គឺពីព្រោះទ្រង់ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដាជាដើម ដូច្នេះ ទូលបង្គំសូមអង្វរ ឲ្យព្រះករុណាទ្រង់ព្រះសណ្តាប់ទូលបង្គំ ដោយអំណត់សិន
៤
ដ្បិតពួកសាសន៍យូដាទាំងអស់បានស្គាល់ចរិតដែលទូលបង្គំប្រព្រឹត្ត តាំងពីក្មេងមកហើយ ថាពីដើមទូលបង្គំនៅកណ្តាលសាសន៍នៃទូលបង្គំនៅក្រុងយេរូសាឡិម
៥
ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសន៍នៃទូលបង្គំ គឺជាពួកផារិស៊ី
៦
ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្ដីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ
៧
ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ
៨
ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដី ដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ
៩
សូម្បីទូលបង្គំក៏បានគិតស្មានថា គួរឲ្យទូលបង្គំធ្វើទាស់ទទឹងជាច្រើន ដល់ព្រះនាមព្រះយេស៊ូវ ពីស្រុកណាសារ៉ែតដែរ
១០
គឺទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម បានទាំងចាប់ពួកអ្នកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជមក ហើយកាលគេសំឡាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ
១១
ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ៩