ព្រះគម្ពីរ កិច្ចការ ២៤:១០-២៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
១០កាល​លោក​ចៅហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ‌សា​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ ១១ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ ១២គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី ១៣គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ ១៤ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា ១៥ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា ១៦ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ ១៧លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ ១៨ហើយ​កំពុង​ដែល​ខ្ញុំ​ប្របាទ​រវល់​នឹង​ការ​នោះ គេ​ក៏​ឃើញ​ខ្ញុំ​ប្របាទ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ មិន​មែន​មាន​មនុស្ស​ទាំង​ហ្វូង ឬ​ដោយ​វឹកវរ​ទេ ប៉ុន្តែ មាន​ពួក​សាសន៍​យូដា​ខ្លះ​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​ប្របាទ ១៩ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ ២០ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុម‌ជំនុំ​នោះ ២១លើក​តែ​ពាក្យ​១​ម៉ាត់​នេះ​ចេញ ដែល​ខ្ញុំ​ប្របាទ​ស្រែក​ឡើង នៅ​ពេល​កំពុង​ឈរ​ជា​កណ្តាល​ពួក​គេ​ថា ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុណ្ណោះ។ ២២ឯ​លោក​ភេលីច ដែល​ដឹង​ជ្រៅ​ជ្រះ​ខាង​សាសនា​គេ​ដែរ កាល​បាន​ស្តាប់​សេចក្ដី​ចោទ​ឆ្លើយ​រួច​ហើយ នោះ​លោក​ក៏​ផ្អាក​រឿង​នោះ​សិន ដោយ​ថា កាល​ណា​លោក​លូស៊ា ជា​មេ​ទ័ព​ធំ​បាន​ចុះ​មក នោះ​ចាំ​ខ្ញុំ​ពិចារណា​រឿង​អ្នក​រាល់​គ្នា​ទៀត ២៣រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួល‌បួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បំរើ​គាត់​នោះ​ឡើយ
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ដានីយ៉ែល ៤