ព្រះគម្ពីរ កិច្ចការ ២២:១៧-៣០
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
១៧
កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ
១៨
ហើយក៏ឃើញទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ
១៩
ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង
២០
កាលដែលឈាមស្ទេផាន ជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសំឡាប់គាត់ ហើយនៅចាំអាវនៃពួកអ្នក ដែលសំឡាប់គាត់ផង
២១
នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។
២២
គេក៏ស្តាប់គាត់ដរាបដល់ពាក្យនោះ រួចគេស្រែកកាត់ឡើងថា ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ
២៣
ហើយដោយព្រោះគេចេះតែស្រែកឡើង ទាំងកន្ត្រាក់ដោះអាវគេចេញ ហើយបាចធូលីដីទៅលើ
២៤
នោះបានជាមេទ័ពធំបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ រួចប្រាប់ឲ្យវាយសួរចំឡើយ ដើម្បីឲ្យដឹងពីហេតុអ្វី បានជាគេស្រែកទាស់នឹងគាត់ជាខ្លាំងម៉្លេះ
២៥
ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី
២៦
លុះមេទ័ពរងឮដូច្នេះ នោះក៏ទៅជំរាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះ ដ្បិតមនុស្សនោះជាសាសន៍រ៉ូម
២៧
នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ
២៨
លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង
២៩
ដូច្នេះ ពួកអ្នកដែលត្រូវសួរចំឡើយ ក៏ថយចេញជា១រំពេច ហើយមេទ័ពធំមានសេចក្ដីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ
៣០
ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណង ហើយប្រាប់ដល់ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ១២