ព្រះគម្ពីរ កិច្ចការ ២០:៧-១៦
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥
៧
លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ
៨
រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន
៩
គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអើទីកុស វាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូរទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ
១០
តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ
១១
កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ
១២
គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។
១៣
ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ
១៤
កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន
១៥
ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ុស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត
១៦
ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ហូសេ ៤