ព្រះគម្ពីរ កិច្ចការ ១៨:១-១៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​២៨ ខែតុលា ឆ្នាំ២០២៥
ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន ទៅ​ឯ​កូរិន‌ថូស នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។ កាល​ស៊ីឡាស នឹង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ​បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ១០ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ ១១គាត់​ក៏​នៅ​ទី​នោះ​អស់​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។ ១២កាល​លោក​កាលី‌យ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា ១៣អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់ ១៤តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ‌សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា ១៥ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ ១៦លោក​ក៏​បណ្តេញ​គេ​ចេញ​ពី​សាលា​ជំនុំ‌ជំរះ​ទៅ ១៧នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ អែសរ៉ា ១០