ព្រះគម្ពីរ កិច្ចការ ១៧:១-២៧
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥
១
រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា
២
ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក
៣
ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ
៤
ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ
៥
តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន
៦
លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ
៧
ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ
៨
មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ
៩
រួចកាលបានយកប្រាក់ធានាពីយ៉ាសុន នឹងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។
១០
ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា
១១
រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ
១២
ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនជឿ ក៏មានប្រុសៗក្រែលដែរ
១៣
តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត
១៤
ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ
១៥
ឯពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកជួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។
១៦
កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ
១៧
ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ
១៨
តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកជួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្ដីរស់ពីស្លាប់ឡើងវិញ
១៩
គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្ដីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ
២០
ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះ យើងចង់ដឹងន័យសេចក្ដីទាំងនេះដែរ
២១
រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។
២២
ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់
២៣
ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង
២៤
ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ
២៥
ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក
២៦
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា
២៧
ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ អែសរ៉ា ៩