ព្រះគម្ពីរ កិច្ចការ ១៦:១៦-៣៤
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥
១៦
រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ
១៧
នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ
១៨
នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង
១៩
កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល
២០
រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់
២១
គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ
២២
ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់
២៣
ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង
២៤
មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង
២៥
លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ
២៦
នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ
២៧
កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ
២៨
ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ
២៩
មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល នឹងស៊ីឡាស ទាំងញាប់ញ័រ
៣០
គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង
៣១
គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង
៣២
គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ
៣៣
នៅវេលាយប់នោះឯង គាត់យកគេទៅលាងស្នាមរំពាត់ចេញ រួចខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម
៣៤
នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ អែសរ៉ា ៨