ព្រះគម្ពីរ កិច្ចការ ៦:១-១៥
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
១
នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ
២
ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ
៣
ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ
៤
ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ
៥
សេចក្ដីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្ដីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១
៦
ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ
៧
ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
៨
ឯស្ទេផាន ដែលពេញដោយសេចក្ដីជំនឿ នឹងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ នឹងទីសំគាល់យ៉ាងធំនៅក្នុងពួកជន
៩
គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន
១០
តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ
១១
នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង
១២
អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ
១៣
គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធនឹងក្រិត្យវិន័យ
១៤
ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះ នឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ
១៥
តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សាស្តា ៤