ព្រះគម្ពីរ កិច្ចការ ១:១-១៤
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥
១
ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើហើយបង្រៀន
២
ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវក ជាពួកអ្នកដែលទ្រង់បានរើស
៣
ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវកនោះឃើញ ដោយសារភ័ស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្ដីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ
៤
រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ
៥
ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
៦
ដូច្នេះ កាលពួកសាវកបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ
៧
តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ
៨
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង
៩
កាលទ្រង់បានមានបន្ទូលសេចក្ដីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ពីភ្នែកគេ។
១០
កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា
១១
ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ
១២
ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក
១៣
កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍ នឹងយូដាស ជាញាតិនឹងយ៉ាកុប
១៤
ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ នឹងបងប្អូនទ្រង់ដែរ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ម៉ាឡាគី ១