ព្រះគម្ពីរ ២ ពេត្រុស ១:១-១៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​២៧ ខែកក្តដា ឆ្នាំ២០២៥
សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​ដ៏​វិសេស​ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ នឹង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ នឹង​សគុណ​របស់​ទ្រង់ ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្ដី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ឲ្យ​សេចក្ដី​គោរព​ប្រតិ‌បត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្ដី​រាប់​អាន​គ្នា​បាន​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ដ្បិត​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង ១០ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ ១១ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។ ១២ដូច្នេះ ខ្ញុំ​ប្រុង​ប្រៀប​នឹង​រំឭក ដល់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ស្គាល់ ហើយ​បាន​តាំង​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្ដី​ពិត ដែល​មាន​ហើយ​ក៏​ដោយ ១៣ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប ១៤ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ ១៥មួយ​ទៀត ខ្ញុំ​នឹង​ខំ​ប្រឹង​រំឭក​រាល់​ពេល​វេលា ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​ដែរ
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ៤៨