ព្រះគម្ពីរ ១ ពេត្រុស ២:១-១៧
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២០ ខែកក្តដា ឆ្នាំ២០២៥
១
ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ នឹងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ
២
នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ
៣
គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន
៤
ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ
៥
នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
៦
ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»
៧
ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក»
៨
«ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង
៩
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់
១០
ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។
១១
ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ
១២
ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។
១៣
ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់
១៤
ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ
១៥
ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ
១៦
គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ
១៧
ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ យេរេមា ៣៧