ព្រះគម្ពីរ ធីម៉ូថេទី១ ១:១-២០
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥
១
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងព្រះយេស៊ូវគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា
២
ខ្ញុំផ្ញើមកអ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្ដីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
៣
កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្ដីណាផ្សេងទៀត
៤
ឬស្តាប់តាមរឿងព្រេង នឹងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមានសេចក្ដីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្ដីជំនឿ
៥
ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ
៦
ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្ដីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង
៧
គេចង់ធ្វើជាគ្រូនៃក្រិត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬពីសេចក្ដីដែលគេប្រកាន់នោះផង
៨
រីឯយើងៗដឹងថា ក្រិត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ
៩
ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ
១០
មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែរ
១១
នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។
១២
ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
១៣
ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ
១៤
តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង
១៥
ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ
១៦
ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច
១៧
រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
១៨
ឱធីម៉ូថេ ជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្ដីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ
១៩
ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង
២០
ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស នឹងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ២០