ព្រះគម្ពីរ កូឡូស ១:១-១៤
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៥
១
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ
២
នឹងធីម៉ូថេ ជាបងប្អូនយើងខ្ញុំ ផ្ញើមកពួកបរិសុទ្ធ ជាពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូល៉ុស សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា។
៣
យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច
៤
ដោយបានឮដំណាលពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់
៥
គឺអរព្រះគុណដោយព្រោះសេចក្ដីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ
៦
ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ
៧
តាមដែលអ្នករាល់គ្នាបានរៀននឹងអេប៉ាប្រាស ជាបាវបំរើស្ងួនភ្ងាជាមួយនឹងយើងខ្ញុំ គាត់ជាអ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ សំរាប់អ្នករាល់គ្នា
៨
ហើយគាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ។
៩
ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ
១០
ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង
១១
ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ
១២
ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង
១៣
ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់
១៤
យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ១១