ព្រះគម្ពីរ ភីលីព ១:១-១១
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥
១
សំបុត្រប៉ុល នឹងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងពួកអ្នកត្រួតត្រា នឹងពួកជំនួយផង
២
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
៣
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា
៤
ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរ នៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច
៥
ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ
៦
ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ
៧
គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្ដីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ
៨
ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ
៩
ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក
១០
ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ
១១
ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ សុភាសិត ១