ព្រះគម្ពីរ អេភេសូរ ៤:១-១៦
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
១
ដូច្នេះ ខ្ញុំ ជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ
២
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់
៣
ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង
៤
មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ
៥
មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១
៦
មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់
៧
តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ
៨
បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»
៩
តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ
១០
ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់
១១
ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
១២
ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង
១៣
ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ
១៤
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
១៥
តែដោយកាន់តាមសេចក្ដីពិតដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ
១៦
ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ២៨-២៩