ព្រះគម្ពីរ អេភេសូរ ១:១៥-២៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​១៨ ខែឧសភា ឆ្នាំ២០២៥
១៥ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ១៦នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ១៧ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ១៨ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្ដី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរី‌ល្អ​ដ៏​ប្រសើរ​ក្រៃ‌លែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង ១៩ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស‌លន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ ២០ជា​ព្រះ‌ចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ ២១ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ‌បារមី នឹង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ គឺ​ទៅ​ក្នុង​អនាគត​ខាង​មុខ​ទៀត​ផង ២២ហើយ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​នៃ​ព្រះ‌រាជ‌បុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ ដែល​ជា​រូប‌កាយ​ទ្រង់ ២៣គឺ​ជា​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។
អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ២២