ព្រះគម្ពីរ អេភេសូរ ១:១-១៤
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
១
សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
២
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
៣
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
៤
តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់
៥
ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់
៦
ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
៧
ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
៨
ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់
៩
ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់
១០
សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង
១១
ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់
១២
ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់
១៣
ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា
១៤
ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដីសរសើរដល់សិរីល្អនៃទ្រង់។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ១៩