ព្រះគម្ពីរ កាឡាទី ២:១១-២១
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥
១១
ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន
១២
ដ្បិតមុនដែលមានអ្នកខ្លះមកពីលោកយ៉ាកុប នោះលោកបានបរិភោគជាមួយនឹងពួកសាសន៍ដទៃ តែលុះគេមកដល់ហើយ នោះលោកដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក
១៣
ឯពួកសាសន៍យូដាឯទៀត ក៏ធ្វើជាពើជាមួយនឹងលោកដែរ ដល់ម៉្លេះបានជាបាណាបាស ត្រូវបណ្តោយតាមអំពើកំពុតរបស់គេទៀត
១៤
កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុស នៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ
១៥
ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ
១៦
យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ
១៧
រីឯ កាលយើងខ្ញុំកំពុងតែស្វែងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ
១៨
ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ
១៩
ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ
២០
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ
២១
ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្ដីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ៨-៩