ព្រះគម្ពីរ កូរិនថូសទី២ ៦:១-១៣
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥
១
ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ
២
ដ្បិតទ្រង់មានបន្ទូលថា «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង» មើល ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ
៣
យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ
៤
ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្តាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់
៥
កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់
៦
ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់
៧
ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង
៨
ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ
៩
ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ
១០
ដូចជាមានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
១១
ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង
១២
អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ គឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញ
១៣
ខ្ញុំនិយាយនឹងអ្នករាល់គ្នា ទុកដូចជាដល់កូនថា ចូរសងដូចគ្នាវិញ ដោយបើកចិត្តឲ្យទូលាយឡើងដូច្នោះដែរ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ ២ សាំយូអែល ៨-១០