ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ២៥:១-១៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
រួច​មក សេដេគា​ទ្រង់​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ដល់​ឆ្នាំ​ទី​៩ក្នុង​រាជ្យ​ទ្រង់ នៅ​ថ្ងៃ​១០ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន​ក៏​មក នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​លើក​បន្ទាយ​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ ទី​ក្រុង​ក៏​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង រហូត​ដល់​ឆ្នាំ​ទី​១១ក្នុង​រាជ្យ​ស្តេច​សេដេគា ហើយ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​អំណត់​អត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សំរាប់​ពួក​ជន​បរិភោគ​ឡើយ វេលា​នោះពួក​ខ្មាំង ក៏​បំបាក់​ទំលាយ​កំផែង​ក្រុង​១​ដុំ រួច​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ​ទាំង​យប់ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្តាល​កំផែង​ទាំង​២ ជិត​ច្បារ​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​គេ​ឡោម‌ព័ទ្ធ​ទី​ក្រុង ហើយ​ពួក​ទ័ព​ខាល់ដេ​ដេញ​តាម​ស្តេច​ទាន់ នៅ​ត្រង់​វាល​ក្រុង​យេរីខូរ ហើយ​ពួក​ពល​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​រលីង គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់ ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៅ។ ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ីឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ ១០រួច​ពួក​ទ័ព​ខាល់ដេ​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ ក៏​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ ១១ហើយ​សំណល់​ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ីឡូន នឹង​មនុស្ស​ឯ​ទៀត​ដែល​នៅៗ​ឡើយ នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ក៏​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ ១២តែ​បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ឲ្យ​គេ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចំការ​វិញ។ ១៣រីឯ​សសរ​លង្ហិន នឹង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន ១៤ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន នឹង​គ្រឿង​ប្រដាប់​លង្ហិន ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ‌ងារ​នោះ​គេ​ក៏​យក​ទៅ​ដែរ ១៥ឯ​ជើង‌ក្រាន នឹង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស នឹង​របស់​ដែល​ធ្វើ​ពី​ប្រាក់​ផង នោះ​មេ‌ទ័ព​ធំ លោក​ក៏​យក​ទាំង​អស់​ទៅ ១៦ចំណែក​សសរ​ទាំង​២ នឹង​សមុទ្រ​សិទ្ធ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទំងន់​ថ្លឹង​មិន​បាន​ឡើយ ១៧សសរ​១​កំពស់​១៨​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កំពស់​៣​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន នឹង​ផ្លែ​ទទឹម​នៅ​ជុំវិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន​ផង ឯ​សសរ​ទី​២​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។