ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា នឹងក្រុងយេរូសាឡិមមកប្រជុំគ្នា ២រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន នឹងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់ ៣ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រិត្យក្រម នឹងសេចក្ដីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។
៤ស្តេចទ្រង់បង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកអស់ទាំងប្រដាប់ប្រដា ដែលបានធ្វើសំរាប់ព្រះបាល នឹងសំរាប់រូបព្រះ ហើយសំរាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅ រួចទ្រង់ដុតចោលទាំងអស់ នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅឯក្រុងបេត-អែល ៥ទ្រង់បំបាត់ពួកសង្ឃនៃរូបព្រះ ដែលពួកស្តេចយូដាបានតាំង ឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី នឹងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មានផង ៦ទ្រង់ក៏យករូបព្រះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកំទេចជាផង់ធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ៧ទ្រង់បានបំផ្លាញអស់ទាំងផ្ទះរបស់ពួកកូនជឹង ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សំរាប់រូបព្រះទាំងប៉ុន្មានចេញ ៨រួចទ្រង់នាំពួកសង្ឃចេញ ពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់តាំងពីក្រុងកេបា រហូតដល់បៀរ-សេបា ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង ៩ឯអស់ទាំងសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅឯអាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែ នៅជាមួយនឹងពួកបងប្អូនគេដែរ ១០ទ្រង់ក៏ធ្វើបង្អាប់ដល់ដំបន់តូផែត ដែលនៅក្នុងច្រកភ្នំ របស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ ១១ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដា បានថ្វាយដល់ព្រះអាទិត្យ ដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល ១២ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស នឹងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ ១៣ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន នឹងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ ១៤ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
១៥ឯអាសនាដែលនៅត្រង់ក្រុងបេត-អែល នឹងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា នឹងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកំទេចជាផង់ធូលី ហើយដុតរូបព្រះផង ១៦កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ ១៧រួចទ្រង់មានបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ ១៨ទ្រង់មានបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ ១៩ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ នោះស្តេចយ៉ូសៀស ក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះតាមគ្រប់ទាំងសេចក្ដី ដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ ២០ទ្រង់សំឡាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះនៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោច នៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។