ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១រីឯកាលយ៉ូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ ព្រះមាតាព្រះនាមជា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់ ២ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយក៏ដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាឰយុកោទ្រង់ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។
៣នៅឆ្នាំទី១៨ក្នុងរាជ្យស្តេចយ៉ូសៀស នោះទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហារនៃព្រះយេហូវ៉ា ដោយថា ៤ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន ៥ហើយប្រគល់ទៅក្នុងអំណាច នៃពួកអ្នកដែលត្រួតមើលការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ ៦គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម នឹងពួកជាងផ្សេងៗ សំរាប់នឹងទិញឈើ នឹងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ ៧ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។
៨ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល ៩រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបំរើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហឹប ប្រគល់ទៅក្នុងអំណាចនៃពួកអ្នក ដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ ១០រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសំដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច ១១កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ ១២រួចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរ ជាកូនមីកាយ៉ា នឹងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ា ជាអ្នកជំនិតស្តេចថា ១៣ចូរឲ្យអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានប្រទះឃើញនេះ ឲ្យយើង នឹងពួកបណ្តាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ពីព្រោះពួកឰយុកោយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលបានបង្គាប់មកយើងរាល់គ្នាទេ។
១៤ដូច្នេះ ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡិម) ហើយគេស្នើការនឹងនាង ១៥នាងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្ស ដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា ១៦ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ហើយលើបណ្តាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្ដីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ ១៧ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង ១៨តែត្រូវឲ្យអ្នករាល់គ្នាទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រង់ឯពាក្យដែលឯងបានឮ ១៩នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ ២០ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកឰយុកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។