ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ២០:១-១១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ នោះ​ទ្រង់​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង ឯ​អេសាយ លោក​បាន​ចេញ​ទៅ មិន​ទាន់​ដល់​ទី‌ធ្លា​កណ្តាល​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ​ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។ ហេសេគា​ទ្រង់​មាន​បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​ដែល​មាន​បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ ១០នោះ​ហេសេគា​មាន​បន្ទូល​ឆ្លើយ​ថា ដែល​ស្រមោល​ជ្រេ​ទៅ​១០​ចុច​នោះ​ស្រណុក​ទេ សូម​ឲ្យ​បាន​ថយ​មក​វិញ​១០​ចុច​ចុះ ១១ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​១០​ចុច។