ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
២០គ្រានោះ អេសាយ ជាកូនអ័ម៉ូស ក៏ចាត់គេ ឲ្យទៅឯហេសេគាទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ សេចក្ដីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ ២១នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯង ២២តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ ២៣ឯងប្រកួតនឹងព្រះអម្ចាស់ដោយពួកអ្នកដែលចាត់មកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ក៏ដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះ ដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីលំនៅផុតស្រុករបស់គេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ ២៤អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។
២៥តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសំរេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក ២៦ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល នឹងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ នឹងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកំឡាំង ២៧អញដឹងកន្លែងដែលឯងអង្គុយ នឹងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ ២៨ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញនៅច្រមុះឯង នឹងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯង ឲ្យវិលទៅតាមផ្លូវ ដែលឯងបានមកនោះវិញ។
២៩ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ ៣០ឯសំណល់នៃពួកកូនចៅយូដា ដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ ៣១ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡិមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិត ចេញពីក្រុងស៊ីយ៉ូនដែរ សេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងធ្វើការនោះ ៣២ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ ៣៣គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ៣៤ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង។
៣៥ដូច្នេះ នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅ ប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែខ្មោចស្លាប់ទាំងអស់ ៣៦ហេតុនោះ សានហេរីប ជាស្តេចអាសស៊ើរ ក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ ៣៧រួចកាលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក នឹងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។