ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤
១លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ២រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស ៣គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកំឡាំងនឹងសំរាលមកសោះ ៤ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនឹងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ ៥នោះពួកជំនិតស្តេចហេសេគាក៏មកឯអេសាយ ៦ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយរបស់អ្នកថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដី ដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ ៧មើល អញនឹងបណ្តាលគំនិតវាឲ្យសំរេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
៨ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ ៩រួចកាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ នោះទ្រង់ក៏ចាត់សារ ឲ្យទៅឯហេសេគា ដោយពាក្យថា ១០ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ ១១មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ ១២ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកឰយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ នឹងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ ១៣តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ នឹងស្តេចនៃក្រុងសេផាវែម ក្រុងហេណា នឹងក្រុងអ៊ីវ៉ានៅឯណា។
១៤ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ ១៥ហើយទ្រង់អធិស្ឋាន នៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃនឹងផែនដី ១៦ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ទ្រង់ ជាព្រះដ៏មានព្រះជន្មរស់ចុះ ១៧ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងសាសន៍ នឹងស្រុកគេជាប្រាកដមែន ១៨ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមក ពីឈើ ពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន ១៩ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដី បានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។