ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១៣ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា ១៤ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប នឹងមាស៣០ហាប ១៥ហេសេគាក៏យកប្រាក់ទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់ ១៦វេលានោះហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហារនៃព្រះយេហូវ៉ា នឹងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ ១៧ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន នឹងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក ១៨កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។
១៩រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ដល់ហេសេគាថា ស្តេចដ៏ជាធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ ២០ឯងនិយាយថា យើងមានគំនិត មានកំឡាំង ដើម្បីនឹងច្បាំងបាន (តែពាក្យឯងជាឥតអំពើសោះ) ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ ២១មើល ឯងពឹងដល់ស្រុកអេស៊ីព្ទ ជាដើមត្រែងកំបាក់នោះ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទំលុះដៃវិញ គឺផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ ២២តែបើឯងរាល់គ្នានិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនានៃទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះ នៅក្រុងយេរូសាឡិមវិញ ២៣ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន ២៤បើដូច្នេះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ហើយទុកចិត្តនឹងស្រុកអេស៊ីព្ទ ឲ្យបានរទេះចំបាំង នឹងទ័ពសេះទៀត ២៥តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។
២៦ឯអេលាគីម ជាកូនហ៊ីលគីយ៉ា នឹងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ ២៧តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ