ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៨:១-១២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រាអែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង កាល​ទ្រង់​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ប៊ីយ៉ា បុត្រី​សាការី ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី ដែល​ដាវីឌ ជា​ឰយុកោ​ទ្រង់​បាន​ធ្វើ​ដែរ ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់ ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏គ្មាន​ដែរ ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ‌យេហូវ៉ា ឥត​លាកបង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ នោះ​ក៏​បាន​កើត​ការ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​វាយ​ពួក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា នឹង​ខែត្រ​ដែននៅ​ជុំវិញ ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។ នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រាអែល នោះ​សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី ១០លុះ​ច្បាំង​គ្រប់​៣​ឆ្នាំ​ហើយ ទើប​ចាប់​យក​ក្រុង​នោះ​បាន គឺ​ក្នុង​ឆ្នាំ​ទី​៦ នៃ​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា ស្តេច​អ៊ីស្រាអែល នោះ​គេ​ចាប់​យក​ក្រុង​សាម៉ារី​បាន ១១ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ក៏​ដឹក‌នាំ​ពួក​អ៊ីស្រាអែល ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ ១២ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ គឺ​បាន​រំលង​សេចក្ដី​សញ្ញា​នៃ​ទ្រង់ ជា​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។