ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤
២៤រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត នឹងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ ២៥កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហ ឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសំឡាប់អ្នកខ្លះបង់ ២៦ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះទ្រង់ឲ្យសត្វសិង្ហ ទៅនៅកណ្តាលគេ ហើយមើល សត្វទាំងនោះកំពុងតែសំឡាប់គេទៅ ដោយព្រោះគេមិនស្គាល់ច្បាប់ នៃព្រះរបស់ស្រុកនោះ។
២៧នោះស្តេចអាសស៊ើរទ្រង់បង្គាប់ថា ចូរនាំយកពួកសង្ឃម្នាក់ ដែលបានដឹកនាំចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ ២៨ដូច្នេះ ពួកសង្ឃម្នាក់ដែលគេបានដឹកនាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែលបង្ហាត់បង្រៀនគេ ពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ២៩ប៉ុន្តែគ្រប់ទាំងសាសន៍នោះបានធ្វើព្រះសំរាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងអស់ទាំងវិហារនៅទីខ្ពស់ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ ៣០ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះសិកូត-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា ៣១ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស នឹងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក នឹងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ ៣២យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សំរាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ ៣៣គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទំលាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន ៣៤គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តតាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ នឹងក្រិត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង ៣៥ព្រះយេហូវ៉ាទ្រង់បានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា ឯងរាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពដល់ព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ ៣៦គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ នឹងព្រះហស្តលើកសំរេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ ៣៧ឯអស់ទាំងបញ្ញត្ត នឹងវិន័យ ហើយច្បាប់ នឹងក្រិត្យក្រមទាំងប៉ុន្មាន ដែលទ្រង់បានកត់ទុកឲ្យឯងរាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ ៣៨ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នាដែរ គឺមិនត្រូវឲ្យកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ ៣៩ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវទាំងអស់ ៤០ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមតែបែបដើមនោះវិញ ៤១យ៉ាងនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាច ដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ