ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៦:១១-២០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៤
១១រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ ក៏​ស្អាង​អាសនា​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ ១២កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាសនា​នោះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ ១៣ទ្រង់​ក៏​ដុត​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ នៅ​លើ​អាសនា​នោះ ព្រម​ទាំង​ច្រួច​ដង្វាយ​ច្រួច ហើយ​ប្រោះ​ឈាម​នៃ​ដង្វាយ​មេត្រី​ផង ១៤ឯ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាសនា​ទ្រង់ ហើយ​នឹង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង នៃ​អាសនា​របស់​ទ្រង់​វិញ ១៥ស្តេច​អ័ហាស​ក៏​បង្គាប់​ដល់​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ថា ត្រូវ​ដុត​ដង្វាយ​ដុត​ពេល​ព្រឹក នឹង​ដង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ដុត​របស់​ស្តេច នឹង​ដង្វាយ​ម្សៅ​ទ្រង់ ហើយ​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាសនា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​ដង្វាយ​ដុត នឹង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាសនា​លង្ហិន​នោះ ត្រូវ​ទុក​សំរាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ ១៦អ៊ូរីយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​បង្គាប់​របស់​ស្តេច​អ័ហាស។ ១៧ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ ១៨ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក នឹង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាសស៊ើរ ១៩រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ២០អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។