ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៦:១-១០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​៧ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅ​ឆ្នាំ​ទី​១៧ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ នឹង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ នៅ​គ្រា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី នឹង​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រាអែល បាន​ឡើង​មក​ច្បាំង​នឹង​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​នឹង​ឈ្នះ​ទ្រង់​បាន​ទេ នៅ​វេលា​នោះរេស៊ីន ជា​ស្តេច​ស៊ីរី ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ទី​កឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ថា ទូលបង្គំ​នេះ​ជា​អ្នក​បំរើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះសូម​ទ្រង់​ឡើង​មក​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី នឹង​ស្តេច​អ៊ីស្រាអែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូលបង្គំ​ផង អ័ហាស​ក៏​យក​មាស​នឹង​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ផ្ញើ​ទៅ​ថ្វាយ​ជា​ដង្វាយ ដល់​ស្តេច​ស្រុក​អាសស៊ើរ ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។ ១០រួច​មក ស្តេច​អ័ហាស​ទ្រង់​យាង​ទៅ​ឯ​ក្រុង​ដាម៉ាស ដើម្បី​ចួប​នឹង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ អ័ហាស​ទ្រង់​ឃើញ​អាសនា​១ ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ នឹង​ទ្រង់‌ទ្រាយ​នៃ​អាសនា​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ