ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
២៣នៅឆ្នាំទី៥០ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ា ជាបុត្រមណាហិម ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន២ឆ្នាំ ២៤ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ ២៥ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ នឹងអើកុប ហើយអើរីយេ ក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារីទៅ ក៏មានពួកកាឡាត៥០នាក់ នៅជាមួយនឹងលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួសទ្រង់ ២៦រីឯដំណើរឯទៀតពីពេកាហ៊ា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
២៧នៅឆ្នាំទី៥២ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកា ជាកូនរេម៉ាលា ក៏ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបាន២០ឆ្នាំ ២៨ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
២៩នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ នឹងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ ៣០នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា ៣១រីឯដំណើរឯទៀតពីពេកា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
៣២នៅឆ្នាំទី២ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាម ជាបុត្រអ័សារា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង ៣៣កាលទ្រង់ឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា បុត្រីសាដុក ៣៤ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ័សារា ជាបិតាទ្រង់បានធ្វើ ៣៥ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ៣៦រីឯដំណើរឯទៀតពីយ៉ូថាម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ។
៣៧នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងចាត់រេស៊ីន ជាស្តេចស៊ីរី នឹងពេកា ជាកូនរេម៉ាលា ឲ្យទៅទាស់នឹងពួកយូដា ៣៨យ៉ូថាមក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ជាមួយនឹងពួកឰយុកោ នៅក្នុងក្រុងដាវីឌ ជាឰយុកោ រួចអ័ហាស ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។