ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៤:១៧-២៩

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១៧ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រាអែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត ១៨រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ១៩មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ ២០គេ​ដាក់​សព​ទ្រង់​លើ​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម ២១នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​អ័ម៉ា‌ស៊ីយ៉ា បិតា​ទ្រង់ ២២គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មកស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ។ ២៣នៅ​ឆ្នាំ​ទី​១៥ក្នុង​រាជ្យ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស​ស្តេច​យូដា នោះ​យេរ៉ូ‌បោម ជា​បុត្រា​យ៉ូអាស ស្តេច​អ៊ីស្រាអែល ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៤១​ឆ្នាំ ២៤ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លាកបង់​លែង​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ ២៥តែ​ទ្រង់​បាន​តាំង​ព្រំ​ស្រុក​អ៊ីស្រាអែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​មាន​បន្ទូល​ដោយ‌សារ​ហោរា​យ៉ូណាស ជា​កូន​អ័មី‌ថាយ ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​កាថ-ហេភើរ ២៦ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ​សេចក្ដី​វេទនា របស់​ពួ​ក​អ៊ីស្រាអែល ថា​ជា​ជូរ​ចត់​ណាស់ ដ្បិត​គ្មាន​អ្នក​ណា​បិទ​បាំង​ទុក ឬ​អ្នក​ណា​ដែល​ឥត​ចំណង​ឡើយ ក៏​គ្មាន​អ្នក​ណា សំរាប់​ជួយ​សង្គ្រោះ ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែរ ២៧ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ថា ទ្រង់​នឹង​លុប​ឈ្មោះ​ពួក​អ៊ីស្រាអែល​ចេញ ពី​ក្រោម​មេឃ​នោះ​ទេ បាន​ជា​ទ្រង់​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌ហស្ត​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស​វិញ។ ២៨រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម នឹង​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​អំណាច​ទ្រង់ ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស នឹង​ក្រុង​ហាម៉ាត ជា​ទី​ក្រុង​នៃ​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រាអែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ២៩យេរ៉ូ‌បោម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ គឺ​ជា​ពួក​ស្តេច​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទៅ រួច​សាការី ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។