ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៤:១-១៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​១ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រាអែល នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង កាល​ទ្រង់​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ដាវីឌ​ជា​ឰយុកោ​ទ្រង់​ទេ ទ្រង់​បាន​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ការ ដែល​យ៉ូអាស ជា​ព្រះ‌បិតា​បាន​ធ្វើ ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ កាល​រាជ្យ​បាន​ជាប់​នៅ​ក្នុង​អំណាច​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​សំឡាប់​ពួក​បំរើ ដែល​បាន​ធ្វើ​គុត​ស្តេច ជា​ព្រះ‌បិតា​ទ្រង់​ទៅ តែ​ឯ​កូន​ចៅ​នៃ​ពួក​អ្នក ដែល​ធ្វើ​គុត​ស្តេច​នោះ ទ្រង់​មិន​បាន​សំឡាប់​គេ​ទេ តាម​សេចក្ដី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ថា «ឪពុក​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​ឪពុក​ដែរ គឺ​គ្រប់​មនុស្ស​ត្រូវ​ស្លាប់ ដោយ​ព្រោះ​តែ​អំពើ​បាប​រៀង​ខ្លួន​វិញ»។ ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រោយ​នោះ​មក អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ចាត់​សារ​ទៅ​ឯ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​យេហ៊ូវ ស្តេច​អ៊ីស្រាអែល​ទូល​ថា ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល តែ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា​វិញ ទូល​ថា ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន បាន​ចាត់​សារ​ទៅ​ឯ​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អញ ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ ១០ឯ​ទ្រង់ បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដំម​ពិត​មែន​ហើយ ព្រះ‌ទ័យ​ទ្រង់​បាន​ដំកើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី។ ១១ប៉ុន្តែអ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា ១២ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ ១៣ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង​បង់ ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​៤០០​ហត្ថ ១៤ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ នឹង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ​ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។ ១៥រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស ដែល​ទ្រង់​បាន​ធ្វើ នឹង​អំណាច​របស់​ទ្រង់ ហើយ​ពី​ទ្រង់​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ១៦យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។