ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១៣:១-២៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​៣០ ខែតុលា ឆ្នាំ២០២៤
នៅ​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​អ័ហា‌ស៊ីយ៉ា ស្តេច​យូដា នោះ​យ៉ូអា‌ហាស ជា​បុត្រ​យេហ៊ូវ​ក៏​ចាប់​តាំង​សោយ‌រាជ្យ លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​បាន​សោយ‌រាជ្យ​អស់​១៧​ឆ្នាំ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​វៀរ​បង់​លែង​ធ្វើ​ឡើយ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ហាសែល ជា​ស្តេច​ស៊ីរី នឹង​ក្នុង​កណ្តាប់​ដៃ​នៃ​បេន-ហា‌ដាឌ់ ជា​បុត្រ​ហាសែល​ត​ទៅ តែ​យ៉ូអា‌ហាស​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ ដែល​ស្តេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រាអែល (រីឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន ឲ្យ​ពួក​អ៊ីស្រាអែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ ប៉ុន្តែគេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​នោះ​ទេ គឺ​គេ​ចេះ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​នៅមាន​អស់​ទាំង​រូប​ព្រះ​នៅ​ឡើយ​ដែរ) ដ្បិត​ស្តេច​ស៊ីរី​បាន​ទុក​ឲ្យ​យ៉ូអា‌ហាស មាន​ពល‌ទ័ព​តែ​ប៉ុណ្ណេះ គឺ​ឲ្យ​មាន​ពល​សេះ​៥០​នាក់ រទេះ​ចំបាំង​១០ នឹង​ពល​ថ្មើរ​ជើង​១​ម៉ឺន​នាក់ ពី​ព្រោះ​ស្តេច​ស៊ីរី បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លំអង​ធូលី ដែល​នៅ​ទីលាន​បញ្ជាន់​ស្រូវ រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូអា‌ហាស ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ចំណែក​យ៉ូអា‌ហាស ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ ១០នៅ​ឆ្នាំ​ទី​៣៧ក្នុង​រាជ្យ​យ៉ូអាស​ជា​ស្តេច​យូដា នោះ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​១៦​ឆ្នាំ ១១ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​បាន​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ១២រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ១៣យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​យ៉ូអាស​នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល។ ១៤នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ នឹង​ទ័ព​សេះ របស់​ពួក​អ៊ីស្រាអែល​ហើយ ១៥អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ នឹង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូនឹង​ព្រួញ​មក​ឯ​លោក ១៦រួច​ទូល​ថា សូម​ទ្រង់​ដំឡើង​ធ្នូ​ទៅ នោះ​ទ្រង់​ក៏​ដំឡើង ហើយ​អេលី‌សេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ត​ស្តេច ១៧រួច​លោក​ទូល​ថា សូម​បើក​បង្អួច​ខាង​កើត​ទៅ ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា សូម​បាញ់​ទៅ ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា នេះ​ហើយ​ជា​ព្រួញ​ជ័យ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជំនះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ ១៨រួច​លោក​ទូល​ថា សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា សូម​បាញ់​ទៅ​ដី​ទៅ ទ្រង់​ក៏​បាញ់​អស់​គំរប់​៣​ដង រួច​ឈប់ ១៩នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ខឹង​នឹង​ស្តេច ហើយ​ទូល​ថា គួរ​តែ​ទ្រង់​បាន​បាញ់​ដល់​ទៅ​៥ ឬ​៦​ដង​ចុះ នោះ​ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះទ្រង់​នឹង​វាយ​គេ បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ។ ២០ឯ​អេលី‌សេ លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ពួក​កង​នៃ​សាសន៍​ម៉ូអាប់ ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក ២១ហើយ​កាល​មនុស្ស​កំពុង​តែ​កប់​ខ្មោច​របស់​មនុស្ស​ម្នាក់ នោះ​ក៏​ឃើញ​ពួក​កង​១ រួច​គេ​បោះ​ខ្មោច​នោះ ទៅ​ក្នុង​ផ្នូរ​របស់​អេលី‌សេ កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលី‌សេ​ហើយ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង។ ២២ឯ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ចេះ​តែ​សង្កត់‌សង្កិន​ពួក​អ៊ីស្រាអែល ដរាប​ដល់​អស់​ព្រះ‌ជន្ម​យ៉ូអា‌ហាស ២៣ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​គេ​ទេ ហើយ​លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ ២៤រួច​មក​ហាសែល​ជា​ស្តេច​ស៊ីរី​ក៏​សុគត​ទៅ នោះ​បេន-ហា‌ដាឌ់ ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ២៥រួច​យ៉ូអាស ជា​បុត្រ​នៃ​យ៉ូអា‌ហាស ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង ដែល​ហាសែល​បាន​ច្បាំង​ចាប់​យក ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌បិតា ចេញ​ពី​កណ្តាប់​ដៃ​នៃ​បេន-ហា‌ដាឌ់ ជា​បុត្រ​ហាសែល មក​វិញ យ៉ូអាស​ទ្រង់​វាយ​គេ​អស់​៣​ដង ហើយ​ក៏​បាន​ទី​ក្រុង​ទាំង​ប៉ុន្មាន នៃ​ពួក​អ៊ីស្រាអែល​មក​វិញ។