ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១២:១-២១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​២៩ ខែតុលា ឆ្នាំ២០២៤
គឺ​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា រីឯ​យ៉ូអាស ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​វេលា ដែល​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​បង្រៀន​ទ្រង់ ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ហើយ​ពួក​បណ្តាជន គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ព្រម​ទាំង​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ យ៉ូអាស ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សង្ឃ​ថា ឯ​អស់​ទាំង​ប្រាក់ ជា​ដំឡៃ​នៃ​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ប្រាក់​របស់​មនុស្ស​នីមួយៗ​ដែល​កត់​ទុក​ក្នុង​បញ្ជី គឺ​ជា​ដង្វាយ​នៃ​គ្រប់​គ្នា​តាម​ច្បាប់ ហើយ​អស់​ទាំង​ប្រាក់ ដែល​អ្នក​ណា​កើត​មាន​ចិត្ត​ចង់​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ទទួល​ប្រាក់​នោះ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ទទួល​យក​ពី​ពួក​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ ទោះ​បើ​ឃើញ​មាន​បាក់​បែក​នៅ​ត្រង់​ណា​ក៏​ដោយ ប៉ុន្តែដល់​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​ស្តេច​យ៉ូអាស នោះ​ពួក​សង្ឃ​មិន​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៅ​ឡើយ ដូច្នេះ ស្តេច​យ៉ូអាស​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ នឹង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​បាន​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដូច្នេះ ឥឡូវ​នេះ មិន​ត្រូវ​ឲ្យ​យក​ប្រាក់​ពី​ពួក​អ្នក​ដែល​ស្គាល់​ទៀត​ទេ គឺ​ត្រូវ​ប្រគល់​ប្រាក់​នោះ​ទៅ សំរាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​វិញ ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្តាជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។ ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​យក​ហឹប​១​មក​ចោះ​ប្រហោង​ត្រង់​គ្រប រួច​ដាក់​ហឹប​នៅ​ខាង​ស្តាំ​អាសនា តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​សង្ឃ​ដែល​រក្សា​ត្រង់​មាត់​ទ្វារ ក៏​យក​អស់​ទាំង​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ក្នុង​ហឹប​នោះ ១០រួច​មក​កាល​ឃើញ​ថា មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ នោះ​ស្មៀន​ហ្លួង នឹង​សំដេច​សង្ឃ ក៏​ឡើង​ទៅ​រាប់​ប្រាក់ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ច្រក​ក្នុង​បាវ​ទុក ១១ឯ​ប្រាក់​ដែល​បាន​ថ្លឹង​ប្រគល់​មក​ក្នុង​អំណាច​សំដេច​សង្ឃ នោះ​លោក​ក៏​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ គឺ​ជា​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​អ្នក​ទាំង​នោះ​ក៏​ចេញ​ឲ្យ ដល់​ពួក​ជាង​ឈើ នឹង​ពួក​ជាង​ផ្សេងៗ ដែល​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ១២ហើយ​ដល់​ពួក​ជាង​រៀប​ថ្ម នឹង​ពួក​ជាង​ដាប់​ថ្ម ហើយ​សំរាប់​ទិញ​ឈើ នឹង​ថ្ម​ដាប់​ស្រាប់ សំរាប់​នឹង​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សំរាប់​អស់​ទាំង​ការ​ចំណាយ ដែល​ត្រូវ​ចាយ ដើម្បី​ជួស‌ជុល​ព្រះ‌វិហារ​ឡើង ១៣ប៉ុន្តែមិន​បាន​យក​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាសគ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ ១៤ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​វិញ សំរាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ១៥មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ១៦ឯ​ប្រាក់ ជា​ដំឡៃ​នៃ​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ប្រាក់​ជា​ដំឡៃ​នៃ​ដង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​នៃព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។ ១៧នៅ​គ្រា​នោះ ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​ដំរង់​ព្រះ‌ភក្ត្រ​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ទៀត ១៨នោះ​យ៉ូអាស ជា​ស្តេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្តេច​យូដា គឺ​យ៉ូសា‌ផាត យ៉ូរ៉ាម នឹង​អ័ហា‌ស៊ីយ៉ា​ជា​ពួក​ឰយុកោ​ទ្រង់​បាន​ថ្វាយ នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់ ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្តេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។ ១៩រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ២០ពួក​អ្នក​បំរើ​របស់​យ៉ូអាស ក៏​លើក​គ្នា​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​នៅ​ត្រង់​ប៉ម​មីឡូរ តាម​ផ្លូវ​ដែល​ចុះ​ទៅ​ឯ​តំបន់​ស៊ីឡា ២១គឺ​យ៉ូសាការ ជា​កូន​ស៊ីមាត នឹង​យ៉ូសា‌បាឌ ជា​កូន​សូមើរ​ជា​អ្នក​បំរើ ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ រួច​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។